ឈឈូក ជាពពួកជលជាតិមួយប្រភេទ ដែលមានដើមស្ពោតរឹង មានបន្លាជុំវិញផ្ទៃរបស់វា ស្លឹកវាធំកំប៉ាង អាចវេចខ្ចប់បាន, ផ្កាវាមានក្លិនក្រអូប ធ្វើជាគ្រឿងដង្វាយ, ក្រអៅ និងមើមដែលកប់នៅក្នុងភក់ អាចធ្វើជាអាហារបានច្រើនយ៉ាង, ឯផ្លែវាក៏យកធ្វើជាអាហារបានច្រើនប្រភេទដែរ ជួនក៏ជាឱសថព្យាបាលផង។ ផ្កាឈូកមានច្រើនពណ៌គឺ ស, ក្រហម, ផ្កាឈូក,….។ ជាទូទៅ ខ្មែរយើងកាច់យកទៅប្រើជាគ្រឿងដង្វាយមានតែពីរពណ៌ គឺផ្កាឈូកពណ៌ស និងផ្កាឈូកពណ៌ផ្កាឈូក។ ចំណុចពិសេសរបស់ឈូក គឺជាជលជាតិដែលមានប្រយោជន៍ត្រូវបានយកមកប្រើសឹងតែទាំងអស់។ លើសពីនេះទៅទៀត ទោះជាវាដុះនៅក្នុងភក់ជ្រាំ មានក្លិនមិនប្រសើរយ៉ាងណា ក៏ផ្ការបស់វាមានក្លិនក្រអូបសាយ និងមនុស្សសត្វទាំងឡាយស្រឡាញ់ចូលចិត្តគ្រប់ៗគ្នា។
ផ្នែកខាងសាសនា ក្នុងពុទ្ធប្រវត្ដិបានបញ្ជាក់ឲ្យដឹងថា ព្រះពុទ្ធអង្គក្រោយពីប្រសូត្របានត្រឹមតែមួយថ្ងៃ ព្រះអង្គបានយាងទៅមាត់ទន្លេ ដោយគ្រាន់តែបោះជំហាន ៧ ជំហ៊ានប៉ុណ្ណោះ ខណៈនោះភាពអស្ចារ្យមួយបានកើតឡើង គឺនៅក្រោមព្រះបាទរបស់ព្រះពុទ្ធអង្គដែលបានឈានទៅនោះ គេឃើញមានផ្កាឈូកទិព្វជានិមិត្ដរូបនៃភាពបរិសុទ្ធ ដ៏ថ្លៃថ្លាបំផុត បានទ្រព្រះកាយរបស់ព្រះអង្គកុំឲ្យប៉ះទៅនឹងដី ឬធូលី ។ ឯក្នុងជំនឿសាសនាហិណ្ឌូ ផ្កាឈូកក៏មានអត្ថន័យធំធេងខ្លាំងទៅទៀត ។ ព្រះព្រហ្ម កាលដំបូងជាអាទិទេពធំជាងគេ ត្រូវបានសំគាល់ដោយពណ៌ក្រហម គួរជាទីពេញចិត្ដ ដូចទៅនឹងពណ៌នៅផ្នែកខាងចុងរបស់ត្របកឈូក។ អាទិទេពអង្គនេះគង់នៅទីខ្ពស់លើកំពូលភ្នំមេរុ អក័្សកណ្ដាលនៃលោក ដោយមានសត្វហង្សជាជំនិះ ។ សត្វនេះក៏ជាអ្នកចម្លងសេចក្ដីស្លាប់ទៅស្ថានអាទិទេពនោះ រស់នៅដោយមានផ្លែឈូកនៃបឹង មនសៈ(Manasa) ដែលពោរពេញទៅដោយដើមឈូកកំពុងដុះលូតលាស់ល្អ ផ្ដល់ជាចំណី។ ម្យ៉ាងទៀតនៅក្នុងរឿងមួយទៀត គឺផ្កាឈូកដែលដុះចេញពីផ្ចិតព្រះវិស្ណុ ហើយដែល ព្រះព្រហ្មកំពុងអង្គុយសមាធិពីលើផ្កាឈូកនោះ ជានិមិត្ដរូបផែនដីដ៏មានលំនឹងមាំមួន ដោយអំណាចនៃការសមាធិនេះ។
ដោយមានអត្ថន័យជ្រាលជ្រៅនៅក្នុងព្រហ្មញ្ញសាសនាផង និងក្នុងព្រះពុទ្ធសាសនាផង ដែលបង្ហាញថា មានតែផ្កាឈូកទេដែលបានបង្ហាញនូវភាពថ្លៃថ្នូរ ទោះជាស្ថិតនៅក្នុងបរិស្ថានមិនល្អមិនគាប់ប្រសើរយ៉ាងណា ក៏ផ្កាឈូកនៅតែមានភាពផូរផង់សោភ័ណស្រស់ល្អស្អាតគួរឲ្យយល់គយគន់ និងគយគន់មិនជិនណាយ ពេលយប់ទោរទន់នៅលើទង ព្រឹកព្រាងប្រឹងរីករាយត្រសុំត្រសាយតាមព្រះសូរិយា ជាទិដ្ឋភាពដ៏ឧត្ដុង្គឧត្ដម អាចទាក់ទាញចិត្ដមនុស្សម្នាឲ្យស្រឡាញ់។ ដូចនេះហើយបានជាក្នុងសាសនាហិណ្ឌូ បានកំណត់ថាផ្កាឈូកគឺតំណាងឲ្យភាពមានសម្រស់ជីវជាតិរីកសាយ រុងរឿងវិបុលសុខ សុខដុមក្នុងផ្លូវចិត្តផ្លូវសាសនា និងអនន្តភាព ដែលជំនឿនៃអ្នកពុទ្ធនិយមកំណត់ផ្កាឈូកអំពីភាពបរិសុទ្ធនៃផ្លូវកាយ ចិត្ត និងអារម្មណ៍។
ពួកព្រហ្មញ្ញសាសនាក្នុងសម័យបុរាណ ដែលមានបញ្ញាញាណខ្ពង់ខ្ពស់បានយកគំរូ និងនិមិត្ដរូបដ៏ល្អរបស់ផ្កាឈូកមកអនុវត្ដក្នុងសាសនាខ្នួន ដូចគ្នានឹងពុទ្ធនិយមដែរ។ ជាមួយនឹងការឆ្លាក់ទុកសំរាប់ធ្វើជាទីគោរពសក្ការៈប្រចាំថ្ងៃ ផ្កាឈូក គេថែមទាំងយកមកធ្វើជាទម្រ ឬជាបល័្លង្កនៃព្រះពុទ្ធអង្គ ក៏ដូចជាអាទិទេពនៃហិណ្ឌូ ក្នុងឥរិយាបថទ្រង់ឈរ និងអង្គុយសមាធិយ៉ាងស្ងៀមស្ងាត់។ ប្រជារាស្ត្រខ្មែរដូចនៅប្រទេសឥណ្ឌាដែរ បានស្ថិតក្រោមឥទ្ធិពលវប្បធម៌សាសនាដូចគ្នា តែងចូលចិត្ដនិយមឆ្លាក់ផ្កាឈូកក្រពុំ ហើយដោយឡែកនៅស្រុកខ្មែរ ទំនងជាកើតមានចម្លាក់នេះ តាមរយៈទំនៀមទម្លាប់ដំបូងនៃអ្នកកាន់សាសនាព្រះពុទ្ធ។ ចំណែកឯនៅតាមប្រាសាទវិញ ក៏រូបរាងផ្កាឈូក ត្រូវបានបង្ហាញឲ្យឃើញនៅលើកំពូលប្រាសាទនៃសម័យនគរភ្នំ (សម័យហ្វូណន) កន្លែងទីមួយដែលត្រូវទទួលអាទិទេពយាងចុះពីលើមេឃមក។ ជាមួយគ្នាដែរ ត្របកឈូកដែលមានរចនាជាលក្ខណៈធម្មជាតិនៅឡើយ ជួនក៏បានឃើញមាននៅតាមសសរពេជ្ររបស់ប្រាសាទនាសម័យនគរភ្នំនេះដែរ។
ផ្កាឈូក |
រូបភាពផ្កាឈូកទ្រព្រះព្រហ្ម ដែលដុះចេញពីផ្ចិតព្រះវិស្ណុ |
អត្ថបទ “ប្រាសាទ”៖
អត្ថបទ “ជំនឿផ្សេងៗ”៖
១. | ផ្កាឈូក (Lotus) និងជំនឿ |
២. | ផ្គាំ (Beads) ឬពងត្រី |
៣. | ឱម: អំណាចឱមនៅក្នុងសាសនា |
៤. | ឱម: ប្រភពនៃរូបសញ្ញាឱម |
៥. | ឱម: ទស្សនៈនៃឱមខ្មែរ |
មតិ