ឱមដែលត្រូវបានប្រើបញ្ចេញសូរស័ព្ទដល់ការឧទ្ទិសរំលឹកទៅដល់ព្រះអាទិទេពធំទាំងបីនៅក្នុងលទ្ធិព្រហ្មញ្ញសាសនា និងរំលឹកទៅដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឍ ចំពោះផ្នែកពុទ្ធនិយម មានគំនូសខ្សែរូបរាងដូចនៅក្នុងរូបភាពទី១ ដែលបានបង្ហាញនៅក្នុងអត្ថបទ <ឱម: អំណាចឱមនៅក្នុងសាសនា>។ ផ្អែកតាមរូបភាពទី១នេះ សញ្ញាឱមប្រៀបបានដូចជាខ្សែកោងមួយពត់ទៅពត់មកៗ និងកាន់តែរួមតូចទៅៗ ទៅដល់ចំណុចតូចមួយដ៏សែនឆ្ងាយ ហាក់បីដូចជាចង់បង្ហាញថា សត្វលោកទាំងឡាយនិងធម្មជាតិនៅក្នុងលោកយើងនេះ មានជីវិតក្នុងវាលវដ្ដសង្សារ ដូចជាដំណើរខ្សែកោងនេះ វាគ្មាននៅនឹងស្ងៀម ឬវិលជួបចំណុចដដែលទេ គឺតែងវិវត្ដន៍ទៅជារៀងរហូត ដល់ចំណុចសូន្យ អរូប។ បើយើងបម្លែងជាខ្សែធរណីមាត្រដូចនៅក្នុងរូបភាពទី៥ នោះខ្សែកោងមូលបិទជិតជាលោកទាំងមូល ខ្សែបន្ទាត់ដេក បានន័យថាជាស្ដ្រីភេទ ហើយខ្សែបន្ទាត់ឈរត្រង់ បានន័យថាជា បុរសភេទ ហើយចំពោះរូបសញ្ញាឱមទាំងមូលបានឱ្យអត្ថន័យថា នៅលើលោកយើងនេះ មានតែភេទពីរគឺ បុរស និងស្ដ្រី ឬ្ញញីនិងឈ្មោល ដែលមានសកម្មភាព សហការ ពឹងផ្អែកគ្នាបំពេញឲ្យគ្នាទៅវិញទៅមក បង្កើតបានជាអង្គឯកភាពតែមួយ និងធ្វើឱ្យពិភពលោកចំរុងចំរើនឡើង។ ក្នុងអត្ថន័យដឹកនាំរូបសញ្ញាឱមរបស់ខ្មែរបានបង្ហាញអំពីប្រសិទ្ធិភាពថា អំណាចកំពូល តែងមានការជួយគាំទ្រដោយអំណាចថ្នាក់ក្រោមបន្ដបន្ទាប់ ដែលមានកម្លាំងកាន់តែកើនច្រើនឡើងៗ ហើយផ្នែកដែលនៅក្រោមគេបង្អស់ គឺជាប្រជារាស្ដ្រមានទំហំធំ ងាយនឹងធ្វើឱ្យរំជួយដល់ខាងលើ បើសិនជាមានទម្ងន់មិនស្មើអ័ក្ស(មិនចំអ័ក្ស) ។
ហេតុដូចនេះ យើងអាចសន្និដ្ឋានទៅលើគំនិតរបស់បុព្វបុរសក្នុងការបង្កើតរូបភាពនិមិត្ដសញ្ញានៃសម្លេងឱមនេះឡើង ពិតមែនតែទទួលឥទ្ឋិពលព្រហ្មញ្ញសាសនា ឬព្រះពុទ្ឋសាសនាពីឥណ្ឌា ក៏មិនមានអត្ថន័យត្រឹមតែទៅលើទេវៈនិយម ឬជំនឿបែបទេវនិយមដូចរូបសញ្ញាអូមរបស់ឥណ្ឌាប៉ុណ្ណោះទេ។ សញ្ញាឱមខ្មែរ បានបំពេញនូវទស្សនៈនៃដំណើរវាលវដ្តសង្សារនៃសត្វលោក ដែលជិវិតតែងតែវិវត្ដន៍ពីដុំស៊ុតមូល និងវិវត្ដន៍ឈានខ្ពស់ទៅរហូតដល់ទីបំផុត គឺនិព្វាន ដែលជាបំណងប្រាថ្នារបស់មនុស្ស, សំគាល់បាននូវប្រពៃណីដើម ដែលមានជំនឿទៅលើមេបា ជាជំនឿដើមនៃការគោរពទៅលើក្រិត្យក្រមធម្មជាតិដែរភ្ជាប់ទៅដល់ការព្រួតកម្លាំងគ្នារវាងភេទពីរផ្ទុយគ្នា (ធាតុឈ្មោល-ធាតុញី) , ហើយរូបភាពក៏បានឆ្លុះបញ្ចាំងផងដែរពីលក្ខណៈ នៃការរស់នៅនៃសង្គមខ្មែរ ក្រោមការដឹកនាំរបស់ព្រះមហាក្សត្រ។ រចនាសម្ព័ន្ឋដឹកនាំសង្គមខ្មែរពីអតីតកាលបានបង្ហាញច្បាស់ថា ព្រះមហាក្សត្រខ្មែរ ជាមួយនឹងការប្រកាសខ្លួនជាសេ្ដចទេវរាជ តំណាងឱ្យអាទិទេពនៅឋានលើ គោរពដឹងគុណនូវព្រះអាទិទេព ដែលជាអ្នកផ្ដល់បារមីតេជះនោះ គឺចំពោះការដឹកនាំរាស្ដ្រ បានធ្វើការបែងចែកអំណាចទទួលខុសត្រូវ តាមលំដាប់ថ្នាក់តាំងពីកំរិតទាប រហូតដល់កំរិតខ្ពស់។ ហើយភាពជោគជ័យនេះនឹងទទួលបានដោយព្រះអង្គ មានទសពិតរាជធម៌គឺ% ទានំ, សីលំ, បរិច្ចាគំ, អាជ្ជវំ, មទ្ទវំ, តបំ, អក្កោធនំ, អវិហឹសា, ខន្ដិ, និង អវិរោធនំ ដែលជាធម៌ពិតសច្ចៈ ត្រឹមត្រូវនៅកណ្ដាល ឈរត្រង់មិនលំអៀង ត្រូវបានប្រជារាស្ដ្រគោរពស្រឡាញ់ និងភាពបំពេញឱ្យគ្នាទៅមករវាងទាំងថ្នាក់ក្រោម និងថ្នាក់លើ បានក្លាយជាកម្លាំងដ៏រឹងមាំមួយប្រៀបប្រដូចទៅតំណក់ទឹកអាចទម្លុះថ្មបាន ។
|
រូបភាពទី៥ សញ្ញាឱមបម្លែងជាធរណីមាត្រ |
|
រូបភាពទី៦ អត្ថន័យនៃរូបសញ្ញាឱមបម្លែង |
មតិ