Skip to main content

សត្វហង្សនៅកន្លែងដទៃទៀតក្រៅពីប្រាសាទ

កក្រៅពីហង្ស ដែលបានបង្ហាញរូបរាងនៅតាមសំណង់សក្ការៈព្រហ្មញ្ញសាសនា យេីងក៏ឃេីញមានចម្លាក់នៅ តាមទីវត្ដអារ៉ាមព្រះពុទ្ធសាសនាដែរ ដូចជានៅលើបង្គោលទង់សាសនា ដែលមានទីតាំងនៅពីមុខព្រះវិហារវត្ត។​ ហង្សខ្លះត្រូវបានតុបតែងជាគ្រឿងលំអនៅតាមរងស្បូវដំបូលព្រះវិហារ ជាមួយនឹងកណ្តឹងលាន់ស្នូររងំ។ ហង្ស ក៏ត្រូវបានគេយកទៅគូរលើលើកន្សែងយ័ន្ថ ឬឆ្លាក់លើខ្លួនមនុស្ស លាយជាមួយមន្តអាគមគាថា ដែលមានតាំងពីបរមបុរាណមករហូតដល់សព្វថ្ងៃ។ កន្លងទៅថ្មីនេះ រថយន្ដដង្ហែរព្រះបរមសពព្រះករុណាព្រះបរមរតនកោដ្ឋព្រះនរេាត្ដមសីហនុព្រះវររាជបិតាឯករាជ្យ និង បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ត្រូវបានតុបតែងរចនាលំអជារូបរាជហង្ស។ ទន្ទឹមនឹងនេះក៏រថដង្ហែរសពថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសជាតិក៏មានរចនាតុបតែងជារូបហង្សទៅតាមកំរិតយសសក្តិផងដែរ។

បម្លែងពីជំនឿដែលទាក់ទងទៅនឹងសាសនា សត្វហង្សក៏ត្រូវបានយកទៅរចនានៅលើលុយ ឬរូបិយប័ណ្ណ ដែលជាស្ពានដោះដូរពីវត្ថុមួយទៅវត្ថុមួយទៀត ពីផលិតផលមួយ ទៅផលិតផលមួយទៀត និងជាសេវាបំរេីការ ដ៏ងាយស្រួលនៅគ្រប់ទីកន្លែង តាមសេចក្ដីត្រូវការរបស់មនុស្ស។ ហង្ស ក៏ត្រូវបានគេឃេីញមាននៅសម័យនគរភ្នំ ឬហ្វូណន។ ហើយក្នុងសម័យនោះដែរ ក៏ឃើញមាននៅលេីត្រារាងបួនជ្រុងទ្រវែង។​ ប្រាក់រូបហង្សនេះក៏ឃើញមានជាហូរហែររហូតដល់សម័យកាលក្រោយមកទៀត​ ពិសេសក្នុងសម័យសង្គមរាស្រ្តនិយម។ ក្រៅពីមាននៅលើរូបិយប័ណ្ណ ស្ថាប័ន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលយករូបភាពហង្សនេះ មកធ្វេីជានិមិត្ដសញ្ញា។​ ជាមួយនឹងការរកឃើញមានជារូបភាពចម្លាក់ឬជារូបភាពគំនូរ​ ក៏មានរឿងនិទានទាក់ទងនឹងហង្ស ដូចជារឿងសុវណ្ណហង្ស, រឿងហង្សនិងក្អែក ជាដើម។

រថរាជហង្សដង្ហែរព្រះបរមសពព្រះករុណាព្រះបរមរតនកោដ្ឋ

កាក់ខ្មែរនាឆ្នាំ ១៩៥៣

និមិត្តសញ្ញារបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

អត្ថបទ “ជំនឿទាក់ទងនឹងសត្វ”៖

១. តើមានចម្លាក់សត្វហង្សនៅជាប់ប្រាសាទតាំងពីពេលណា?
២. ប្រាសាទណាខ្លះដែលមានសត្វហង្ស?
៣. សត្វហង្សនៅកន្លែងដទៃទៀតក្រៅពីប្រាសាទ
៤. ជំនឿដែលទាក់ទងនឹងសត្វហង្ស
៥. សត្វនាគ និង ជំនឿ
៦. មករ (Makara)
៧. សត្វគ្រុឌ និង ជំនឿ

មតិ