Skip to main content

ជំនឿដែលទាក់ទងនឹងសត្វហង្ស

ហហង្ស ដែលស្ថិតនៅក្នុងពពួកបក្សីសកុណជាតិ ហេីរបានខ្ពស់ត្រដែត ឆ្លងកាត់ពីទីកន្លែងមួយ ទៅកន្លែងមួយទៀតដ៏សែនឆ្ងាយបាន ហើយចូលចិត្ដហេីរ និងចុះហែលទឹក រកចំណីក្នុងទឹក។ ពេលវាហែលទឹក កវាងេីបឡេីងមានរាងសមសង្ហារ មេីលទៅពេញចិត្ដគួរឲ្យចង់គយគន់។ វាច្រេីនកេីតមាននៅក្នុងប្រទេស ដែលមានអាកាសធាតុត្រជាក់ល្មម គឺជាប្រភេទសត្វព្រៃពុំមែនជា បសុសត្វទេ។ ដេីមឡេីយនៅស្រុកខ្មែរយេីង គេធ្លាប់ឃេីញហ្វូងហង្ស ដែលភាសាសាមញ្ញហៅថាក្ងានព្រៃនេះ ឃើញមានហេីរចុះមកលេងទឹកនៅតំបន់ឆ្នេរកំពង់សេាម។

ក្ងានព្រៃ ឬ ហង្ស

ក្នុងរឿងទេវកថា ហង្សជាជំនិះរបស់ព្រះព្រហ្មហៅថាហង្សពាហៈ គឺមានសត្វក្ងានព្រៃ ៧ ពាក់អស្សាករណ៍ នាំរទេះព្រះព្រហ្ម។ ហេីយចំពោះព្រះរាជវាំងព្រះព្រហ្ម ត្រូវបានគេជឿជាក់ថានៅខាងជេីង ត្រេីយម្ខាងបឹង និងភ្នំកៃលាស់ ជាទីខ្ពស់ជាងគេបំផុត នៃកំពូលភ្នំមេរុ ដែលជាអ័ក្សនៃលេាក ធ្វេីឲ្យផែនដីមានលំនឹង និង តំណាងដេាយភាពរឹងបុឹងនៃការសមាធិរបស់ព្រះព្រហ្ម និងជាទីកន្លែងរបស់ព្រះព្រហ្មគង់សមាធិ ដែលអាចឲ្យមេីលឃេីញ ពិភពលេាកតាមរយៈការសមាធិនេះ។ នៅសតវត្សទី ៥ នៃគ្រិស្ដសករាជ កំណាព្យបុរាណរបស់ កាលីទស (គាលិដាសា) បានសរសេរថា៖ សត្វក្ងានព្រៃបានផ្លាស់ទីតម្រង់ទៅទិសខាងជេីង តាមពពកខ្យល់មូសុងទៅដល់ បឹងមនសៈ ដែលមានដេីមឈូកទាំងឡាយ ដុះលូតលាស់ និងផ្ដល់ជាចំណីអាហារដល់សត្វទាំងនោះ¹។ ក្នុងទេវៈកថា ក្រេាយមក បានពណ៌នាថា សត្វក្ងានព្រៃនោះ ជាអ្នកបុណ្យនិង ជាអ្នកចម្បាំង ចម្លងសេចក្ដីស្លាប់ទៅឋានសួគ៌ និងជាអ្នកនាំរទេះព្រះព្រហ្ម។ ជាមួយគ្នាដែរសត្វនេះ អាចបន្សុុទ្ធទឹកដោះ ដែលមាននៅក្នុងល្បាយទឹកបាន²។

“ថីរមតិបុ ខុរមតិធំ ហឹរមតិបំ ហំរមតិបេា” ដែលមានន័យថា “ស្រ្តីត្រេកអរចំពោះបុរស ភិក្ខុមានសីលស្រស់ត្រេកអរចំពោះធម៌ ក្របីត្រេកអរចំពោះភក់ថាបវរ សត្វហង្សនិករ ត្រេកអរចំពោះស្រះឈូក”

ផ្អែកតាមជំនឿនៅក្នុងទេវកថាខាងលេី ចំពោះសំណង់ប្រាសាទសក្ការៈសំរាប់ថ្វាយព្រះអាទិទេពនៃលទ្ធិព្រហ្មញ្ញសាសនា ជាលំនៅដ្ឋាននៃព្រះអាទិទេព តែងតែឃេីញមានភ្ជាប់រូបចម្លាក់សត្វហង្ស ដែលហាក់ដូចជាបានបង្កប់អត្ថន័យថា មនុស្សលេាកកំពុងសុំហង្សទាំងនោះ ដែលមានសមត្ថភាពខ្លាំងក្លាក្នុងការហោះហេីរឆ្លងសាគរពីស្ថានមនុស្សលេាកទៅដល់ស្ថានទេវលេាក ឲ្យបញ្ជូនឬពាំនាំប្រាសាទសក្ការៈនេះដល់ស្ថានអាទិទេពពិតៗ ឬទៅជួបនឹង អាទិទេពពិតៗ។ ចម្លាក់សត្វស្លាបដែលមានសណ្ឋានហង្សត្រូវបានឃេីញដំបូងចំពោះសំណង់ប្រាសាទសម័យនគរភ្នំ គឺនៅប្រាសាទ គេាកព្រះធាតុ ចង្កេះភ្នំហាន់ជ័យ ខេត្ដកំពង់ចាម។ ប្រាសាទនេះត្រូវបានសាងសង់ឡេីងនៅរវាងឆ្នាំ ៦០០ នៃគ្រិស្ដសករាជ។ ប្រាសាទជាច្រេីន នៅសម័យចេនឡា ក៏មានចម្លាក់រូបហង្សត្រដាងស្លាប នៅផ្នែកខាងលេីនៃ ជញ្ជាំងប្រាសាទដូចគ្នានេះដែរ។ ចូលដល់សម័យអង្គរ សត្វហង្សត្រូវបានឆ្លាក់នៅតាមទីតាំង និងក្នុងទម្រង់ផ្សេងទៅវិញ  ពិសេសនៅរចនាបថបាយ័នរូបចម្លាក់ហង្សត្រូវបានឆ្លាក់ជាជំនិះព្រះព្រហ្មតែម្ដង។​​ ក្រៅពីហង្ស ដែលត្រូវបានបង្ហាញរូបរាងនៅតាមសំណង់សក្ការៈព្រហ្មញ្ញសាសនា យេីងក៏ឃេីញមានចម្លាក់នៅ តាមទីវត្ដអារ៉ាមព្រះពុទ្ធសាសនាដែរ ដែលបំរើអត្ថន័យដូចគ្នាក្នុងលទ្ធិព្រហ្មពាសាសនា។

ផ្សារភ្ជាប់នឹងជំនឿថា ហង្សជាអ្នកនាំសារដ៏លឿនឆាប់រហ័ស ពីស្ថានមនុស្សទៅស្ថានទេវៈ ហេីយត្រឡប់ពីស្ថានទេវលេាកមកស្ថានមនុស្សលេាកវិញ ឬក៏ថាអាចបញ្ជូនវត្ថុ​ ព្រលឹង វិញ្ញាណមនុស្សទៅដល់ស្ថានទេវលោក ដែលស្ថិតនៅជាប់នឹងផ្នត់គំនិតប្រជារាស្រ្ដខ្មែរ ទេីបរហូតមកដល់សព្វថ្ងៃ រូបភាពឬរូបគំនូរសត្វហង្សត្រូវបានប្រេីនៅក្នុងយ័ន្ដគាថាផ្សេងៗ ដេីម្បីធ្វេីឲ្យមានអានុភាពកាន់តែខ្លាំក្លា។ ក្រៅពីនេះ ហង្សក៏ត្រូវបានតំណាងឲ្យសភាវៈល្អ ថ្លៃថ្លា និងភាពរហ័សរហួន​ ទាន់ចិត្ត​ ក្នុងការផ្តល់ដំណឹង បញ្ជូនសារ​ ដ៏មានប្រសិទ្ធិភាពខ្ពស់​ នៅក្នុងសង្គមខ្មែរតាំងពីអតីតកាលរៀងរហូតមក។ ហេតុដូច្នេះហើយ បានជាយើងឃើញមានការរចនាតុបតែងរូបហង្ស នៅរថយន្ដដង្ហែរសពព្រះមហាក្សត្រ​ ឬថ្នាក់ដឹកនាំ ព្រោះជឿជាក់ថាព្រលឹងទាំងនោះ នឹងបានទៅដល់ស្ថានអាទិទេព ជាទីស្ថានសុគតិភព យ៉ាងឆាប់រហ័ស។ ​ ដូចទៅនឹងខ្លឹមសារអត្ថន័យខាងលើដែរ បម្លែងពីជំនឿដែលទាក់ទងទៅនឹងសាសនា សត្វហង្សក៏ត្រូវបានយកទៅដាក់នៅក្នុងរូបិយប័ណ្ណ តំណាងជាស្ពានដោះដូរពីវត្ថុមួយទៅវត្ថុមួយទៀត ពីផលិតផលមួយ ទៅផលិតផលមួយទៀត និងជាសេវាបំរេីការ ដ៏ងាយស្រួលនៅគ្រប់ទីកន្លែង តាមសេចក្ដីត្រូវការរបស់មនុស្ស។ ហាក់ដូចជាដេាយយល់ឃេីញបែបនេះហេីយ ទេីបស្ថាប័ន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានយករូបភាពហង្ស ធ្វេីជានិមិត្ដសញ្ញារបស់ខ្លួន។ លើសពីនេះទៅទៀត​ រូបហង្ស ឬរឿងព្រេងនិទានសត្វហង្ស​ ក្លាយជាឈ្មោះដ៏មានអត្ថន័យល្អ និងជាគំរូដល់ការអប់រំ។

មតិ

អគុណសំរាប់ប្លុករបស់លោកគ្រូដែរបានចងក្រង នឹង ផ្តល់ជាប្រភពនៃងកសារសំខាន់ដល់ខ្ញុំបាទស្រាវជ្រាវ ហេីយខ្ញុំក៏មានបំណងចង់បង្កេីតប្លុក នឹង បង្កេីតនូវប្រភពងកសារ នឹង ចំនេះដឹងដែរខ្ញុំមាន ដោយចំនេះដឹងមិនទាន់ជ្រៅជ្រះ នឹង ខ្វះបទពិសោធន៍ក្នុងការសរសេរប្លុក សូមអធ្យាស្រ័យលោកគ្រូជួយបំពេញ នឹង បន្តែម (FB:​ https://web.facebook.com/profile.php?id=100008502311816 ) ដោយស្នាមញញឹមនឹងក្តីអនុគ្រោះ។ សូមអរគុណលោកគ្រូ