Skip to main content

សត្វគ្រុឌ (Garuda) និង ជំនឿ

គ្រុឌជាសត្វដែលមាននៅក្នុងរឿងទេវកថា នៅក្នុងសាសនាព្រាហ្មណ៍ ក៏ដូចជានៅក្នុងពុទ្ធនិយម។ តាមរឿងដែលមាននៅក្នុងមហាភារតៈ គ្រុឌគឺត្រូវជាកូនរបស់តាបស កស្សបៈ ដែលតាបសនេះមានភរិយាពីរនាក់ គឺឈ្មោះនាង កាឌ្រុ និងនាង វិនាតា។ នាងទាំងពីរនាក់ ទោះណាត្រូវជាបងប្អូនបង្កើតនឹងគ្នា តែតែងមានចិត្តច្រណែនគ្នាជានិច្ច។ ដោយពិបាកពេក តាបសជាប្តីបានអង្វរឲ្យភរិយាទាំងពីរផ្សងទៅតាមចិត្តដែលចង់ គាត់នឹងជួយឲ្យសំរេចដូចប្រាថ្នា។ នាងវិនាតា បានផ្សងឲ្យមានកូនប្រុសពីរដ៏មានកំលាំងខ្លាំងក្លា ឯនាងកាឌ្រុផ្សងឲ្យមានកូនជាពស់នាគ១០០០។ លុះដល់ពេលញាស់ ដោយស៊ុតរបស់នាងកាឌ្រុញាស់មុន បានដូចចិត្ត ធ្វើឲ្យនាងវិនាតា អត់ទ្រាំពុំបាន ក៏ប្រញ៉ាប់បំបែកស៊ុតខ្លួនឯងអស់មួយទៅ ហើយកើតបានសត្វមួយហោះទៅឆ្ងាយបាត់ និងលេចឡើងជាអរុណ អ្នកបររាជរថព្រះអាទិត្យ។ ប៉ុន្តែកូនទី២របស់នាងវិនាតា ញាស់តាមសម្រួលបានផ្តល់កំណើតជាគ្រុឌ បានជួយរំដោះម្តាយឲ្យរួចចាកពីការនៅបម្រើនាងកាឌ្រុ និងកូននាគដ៏ច្រើននោះ ដោយការថ្នូរហោះចេញទៅរកទឹកអម្រឹតពីព្រះឥន្ទ្រ មកឲ្យពួកនាគទាំងនោះ។ នៅពេលដែលកំពុងធ្វើកិច្ចពិធីផឹកទឹកអម្រឹតនោះ ព្រះឥន្ទបានមកយកទឹកអម្រឹតទៅវិញ តែបានកំពប់ទឹកខ្លះនៅលើស្មៅ។ ដោយហេតុនេះហើយបានជាពពួកពស់ ត្រូវព្រែកអណ្តាតជាពីរ ដោយសារឆ្កូតដាច់នឹងស្មៅព្រោះប្រឹងលិតទឹកអម្រឹតដែលកំពុបនោះ។ តាមរយៈនៃរឿងនេះហើយដែលធ្វើឲ្យគ្រុឌចងគំនុំស្លាប់រស់ជាមួយនឹងនាគ ដែលស្ទើរតែគ្រប់ចម្លាក់ទាំងអស់តែងតែឃើញមានគ្រុឌចាប់នាគ ឬដេញចាប់នាគធ្វើជាអាហារ។ ដោយភាពកតញូ ភាពខ្លាំងក្លាមិនអាចប្រៀបបានរបស់គ្រុឌ ព្រះវិស្ណុបានទទួលយកជាវាហនៈរៀងរហូតមក និងបានផ្តល់កំលាំងថាមពលក្លាយជាស្តេចនៃបក្សាបក្សី គ្រប់គ្រងលំហអាកាសវេហា។ ក្រៅពីរឿងខាងលើ នៅមានរឿងផ្សេងៗទៀតក្នុងព្រហ្មញ្ញសាសនា ដែលបានបង្ហាញពីភាពខ្លាំងរហ័សរហួននៃសត្វគ្រុឌ។

សត្វគ្រុឌត្រូវបាននិទានថា មានកំណាត់ដងខ្លួនជាមនុស្សប្រុសមាំមួន, មុខសម្បុរស, ស្លាបពណ៌ក្រហម,ចំពុះដូចឥន្ទ្រីគឺខុបខ្លី, និងក្បាលវាមានមកុដ។ វាមានមាឌធំសម្បើម ពេលស្លាបសំកាំងស្លាបមានប្រវែង ៣៣០យោជន៍ បាំងពន្លឺព្រះអាទិត្យបាន។​ រូបរាងកាយ ជាទូទៅសង្ហារគួរជាទីទាក់ទាញ។ ការហោះហើរមានល្បឿនលឿនជាងរន្ទះ និងអាចក្លែងភេទមកជាមនុស្សបាន ដូចនៅក្នុងរឿងបុរាណខ្មែរបុរាណខ្មែរមួយ ឈ្មោះរឿង កាកី។ ការគោរពបូជាចំពោះសត្វគ្រុឌ ត្រូវបានគេជឿថាបានកំចាត់នូវបណ្តាពិសកាចទាំងឡាយ។ ដោយការមានជំនឿទៅលើមហិទ្ធិឫទ្ធិរបស់សត្វគ្រុឌ ក៏មានការប្រើមន្តអាគម ចារយ័នគាថាជារូបរាងគ្រុឌផងដែរ។

ខ្មែរយើង ឃើញមានចម្លាក់គ្រុឌនេះតាំងពីនៅសម័យនគរភ្នំ តែដំបូងឡើងពុំទាន់មែននៅតាមប្រាសាទទេ គឺឃើញនៅលើសន្លឹកមាស, កាក់, វត្ថុប្រើប្រាស់ ដូចមានភស្តុតាងវត្ថុមួយចំនួនដែលបានដាក់តាំងនៅសារមន្ទីរជាតិពន្ធុវិទ្យាទួលគោក។ សត្វគ្រុឌ ដែល ឃើញមាននៅតាមចម្លាក់ប្រាសាទ គឺទើបឃើញមាននៅចុងនៃសម័យកាលនគរភ្នំ ក្នុងរចនាបថថលាបរីវ័ត។ ជាទូទៅរូបគ្រុឌត្រូវបានឆ្លាក់នៅចំកណ្តាលផ្តែរទ្វារប្រាសាទ ហើយចាប់ពីពេលនោះមក ក្រៅពីមានឆ្លាក់នៅក្នុងផ្តែរ ក៏ឃើញមានចម្លាក់ជារូបសំណាកតែម្តងដូចជានៅប្រាសាទកោះកេរ្តិ៍ និងក៏ឃើញមានចម្លាក់ផុសនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលជាសម័យកាលរុងរឿងបំផុតនៃសម័យអង្គរ។ រហូតមកដល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា ក្រៅពីមានចម្លាក់នៅតាមវត្តអារាម ពិសេសគឺគឺរចនាជាទម្រដំបូលព្រះវិហារ ក៏ឃើញមាននៅតាមអង្គភាពកងកម្លាំងរាជអាវុធហត្ថ គឺជានិមិត្តសញ្ញានៃកងកម្លាំងរាជអាវុធហត្ថ។

គ្រុឌនៅចុងសតវត្សទី៦

គ្រុឌនៅផ្តែរទ្វារប្រាសាទរចនាបថថល្លាបរិវ័ត្ថ

គ្រុឌជាន់នាគនៅកំពែងប្រាសាទព្រះខ័ន
បន្ទាប់ពីការជួសជុលរបស់អង្គការ WMF

គ្រុឌទ្រដំបូលព្រះវិហារបុរាណ

Garuda supporting the ancient of vihea roof
គ្រុឌទ្រដំបូលព្រះវិហារនាបច្ចុប្បន្នកាល

គ្រុឌនៅសាលាកងរាជអាវុធហត្ថ

គ្រុឌនិមិត្តសញ្ញាកងរាជអាវុធហត្ថ


មតិ