Skip to main content

អ្វីទៅហៅថារត ?

រត ជាឈ្មោះមួយនៃគ្រឿងបង្គុំ ក្នុងការតម្លើងសំណង់លំនៅដ្ឋាន កាលពីជំនាន់ដើម។​ ជាទូទៅ ផ្ទះឈើរបស់ខ្មែរយើង ត្រូវបានតម្លើង ដោយដុំកំណាត់ឈើបញ្ឈរ និងផ្តេក ប្រទាក់គ្នាពីក្រោមទៅលើ។ លើកលែងតែឈើដែលត្រូវគ្របបង្កើតជាដំបូលប៉ុណ្ណោះ ដែលត្រូវបានតម្លើងជាបញ្ចិត ឬផ្អៀងទៅតាមមុំនៃជំរាលដំបូល ដែលចង់បាន។

ផ្ទះរបស់ខ្មែរមានលក្ខណៈពិសេសគឺខ្ពស់ផុតពីដី។ ដូច្នេះ សសរមានតួនាទីសំខាន់ ក្នុងការបញ្ឈរតួផ្ទះ ឲ្យឡើងខ្ពស់ផុតពីដី។ ឈើសសរទាំងអស់ ដែលត្រូវដាំបញ្ឈរកប់ក្នុងដី ឬដាំពីលើជើងតាង ត្រូវបានឈរត្រង់ឡើងដោយការផ្គុំគ្នាជាមួយនឹងឈើផ្តេក។ ឈើផ្តេកទាំងនោះ ត្រូវបានដាក់បញ្ចូលទៅក្នុងសសរ ដែលបានចោះទំលុះរត់ជួរគ្នា និងរឹតបន្តឹងដោយស្នៀតស៊កពីក្រោម និងកន្លាស់ឈើខ្ទាស់ភ្ជាប់ទៅនឹងសសរ។ សសរផ្ទះចាប់ពីពីរជួរទៅ ឈើផ្តេកដែលនៅក្រោមគេ គឺជាឈើដែលត្រូវរត់តាមបណ្តោយផ្ទះ។ តាមតួនាទីនៃឈើនេះ ប្រជារាស្ត្រអ្នកស្រុកទន្លេ ហៅថា ឈន អ្នកស្រុកខ្លះហៅថាហៅថា រតបណ្តោយ។ ឈើផ្តេកទទឹង ដែលដាក់ស៊កបញ្ចូលតាមរន្ធសសរទទឹងផ្ទះ គងពីលើឈើនេះ ដោយមានមុខកាត់ប៉ុនគ្នានឹងឈើដំបូងនេះដែរ ក៏ត្រូវបានបំពេញតួនាទីសំខាន់ជាមួយនឹងឈើផ្តេកសណ្តូកមុននេះ សំរាប់ឲ្យសសរបំពេញលក្ខខ័ណ្ឌឈរបានត្រង់។ តាមតួនាទី ឈើនេះមានឈ្មោះថា រត (បើនៅតំបន់ដែលគេហៅឈើទ្រពីក្រោមថាជារតបណ្តោយ នោះវាត្រូវបានហៅថារតទទឹង)។ ដើម្បីទ្ររនូតបាន គេត្រូវថែមកំណាត់ឈើនៅចន្លោះពីរតមួយទៅរតមួយទៀត ដែលមានមុខកាត់ប៉ុនគ្នានឹងរតនេះដែរ ហៅថា រតបណ្តែត។

ប្រពៃណីពីបុរាណនេះ ត្រូវបានប្រើរហូតមកទល់សព្វថ្ងៃ។ ដោយឡែកចំពោះឃ្នាបបណ្តោយ, ឃ្នាបទទឹង ហើយបើហៅឲ្យត្រូវ គឺឃ្នាបរតបណ្តោយ, ឃ្នាបរតទទឹង គឺទើបនឹងចាប់ផ្តើមមាននៅសម័យកាលគេមានប្រើប៊ូឡុង ឬភាពសំបូរបែបនៃដែកគោល។

រូបភាពបង្ហាញពីទីតាំងរត នៅក្នុងចំណោមគ្រឿងបង្គុំផ្សេងៗទៀតនៃសំណង់ផ្ទះឈើ
រូបភាពបង្ហាញទីតាំងរត

មតិ