Skip to main content

រងស្បូវ

រងស្បូវជាឈ្មោះនៃធាតុស្ថាបត្យកម្មនៅផ្នែកដំបូល។ នោះគឺជាបន្ទះក្ដារនៅពីក្រោមចុងសំយាប មានតួនាទីបិទបាំងចុងផ្ទោងនិងផ្លាន រួមទាំងបង្កង់ដៃរណែងផងបើសិនជាមាន។ ជាមួយនឹងការបិទបាំងការពារចុងផ្ទោងឬចុងបង្កង់ឲ្យរួចផុតពីការសាចសាយភាយទទឹកទឹកភ្លៀង រងស្បូវនេះដែលក្រៅពីជាផ្ទៃលាត ក៏បំពេញនាទីជាកន្លែងរចនាតុបតែងលំអទៅតាមការនិយមចូលចិត្ត ឬទៅតាមធនធានម្ចាស់ផ្ទះ មានដូចជារចនាក្បាច់ត្របកឈូក, ក្បាច់កញ្ជ្រិល, ក្បាច់សារ៉ាយ, ក្បាច់កញ្ចាំង,... ជាដើម។ ទន្ទឹមនឹងនៅតាមផ្ទះអ្នកស្រុក ចំពោះសំណង់សាសនា ពិសេសនៅព្រះវិហារ រងស្បូវរឹតតែបំពេញនាទីសំខាន់ក្នុងការបង្ហាញពីអត្តសញ្ញាណខ្មែរ។ បន្ទាររងស្បូវ អាស្រ័យទៅតាមទំហំឬកំរិតកម្ពស់នៃសំណង់ តែទោះជាយ៉ាងណាមានប្រវែងវាក៏ពុំមានលើសពីមួយចំអាមទៅពីរចំអាមឡើយ។ រងស្បូវខ្លះមានបន្ថែមពីលើខ្នង ដោយស៊ែមជាប់គ្នា និងទៅទល់អែបនឹងក្បឿង សំរាប់ទល់ទ្រចុងក្បឿង។ បន្ទះឈើនេះហៅថា រងឆាយ។ ចុងសំយាបដំបូល នៅពេលដែលមានដាក់រងស្បូវនេះ ពុំត្រូវបានប្រើទទឹកឡើយ។

នាពេលក្រោយមក ប្រហែលជាលំបាកក្នុងការបន្ថែមបន្ទះឈើរងឆាយដែលស៊ែមពីលើខ្នងរងស្បូវ ច្រើនតែឃើញគេយកឈើតែមួយបន្ទះដាក់ភ្ជិតអែបទៅដល់ក្រោមក្បឿងតែម្តង ហៅថារងស្បូវតែមួយម៉ាត់ រហូតដល់អ្នកស្រុកសព្វថ្ងៃបាននិយាយថា មានរងស្បូវគ្មានរងឆាយ ហើយពេលណាមានរងឆាយក៏គ្មានរងស្បូវដែរ។ ជាមួយគ្នានោះ ជួនកាលរងស្បូវនេះ ក៏បានដើរតួនាទីជំនួសផ្លានផងដែរ នៅពេលដែលមុខបន្ទារវាធំ ឬមុខទោលក្រាស់។ បច្ចុប្បន្ន ដោយភាពជឿនលឿននៃបច្ចេកវិជ្ជា ក៏ដូចជាភាពសំបូរបែបនៃសំភារៈសំណង់ គេអាចធ្វើរងស្បូវពីបន្ទះស័ង្កសី, បាយអរ, ក្បឿង, ឬពីជ័រប្លាស្ទីកជាដើម។ ករណីនេះ គេតែងតែមានបន្ទះឈើមួយដើមនៅពីក្រោយ សំរាប់ទប់ភ្ជាប់រងស្បូវ ហៅថា ទ្រនាប់រងស្បូវ៕

រូបភាពរងស្បូវនិងរងឆាយស៊ែមពីលើ
រូបភាពរងស្បូវនិងរងឆាយស៊ែមពីលើ
រូបភាពរងស្បូវបំពេញនាទីជំនួសផ្លាន
រូបភាពរងស្បូវបំពេញនាទីជំនួសផ្លាន
រូបភាពរងស្បូវ មើលពីមុខ
រូបភាពរងស្បូវ មើលពីមុខ
រូបភាពរងស្បូវដោយមានការរចនាផ្សេងៗ
រូបភាពរងស្បូវដោយមានការរចនាផ្សេងៗ
រូបភាពរងស្បូវធ្វើពីបាយអរភ្ជាប់ទៅនឹងទ្រនាប់រងស្បូវ
រូបភាពរងស្បូវធ្វើពីបាយអរភ្ជាប់ទៅនឹងទ្រនាប់រងស្បូវ

មតិ