Skip to main content

មករ នៅក្នុងសំណង់លំនៅដ្ឋាន

តាមឯកសារប្រវត្តិសាស្រ្តបានបញ្ជាក់ថាលំនៅដ្ឋានអ្នកមាន ឬ សេដ្ឋី តាំងពីសម័យនគរភ្នំមក ធ្វើអំពីឈើប្រក់ក្បឿង និងមានការរចនាតុបតែងល្អដូចប្រាសាទអីចឹង។ នៅក្នុងនោះគេក៏បានបង្ហាញឲ្យដឹងថា នៅផ្នែកចុងខាងក្រោមនៃដងក្តារហោជាងផ្ទះ មានចម្លាក់ក្បាលសត្វមករ។ ការសិក្សាអំពីរូបរាងសត្វមករ ដែលមាននៅលើប្រាសាទ តាំងពីសម័យនគរភ្នំ រហូតមកដល់សម័យចេនឡា យើងបានឃើញមានរចនាតែនៅលើផ្តែរទ្វារ តែប៉ុណ្ណោះ។ សម័យអង្គរ ការឃើញមានរូបរាងក្បាលមករនៅផ្នែកខាងក្រោមនៃកណ្តាប់គែមហោជាងនេះ ជារូបភាពច្បាស់ គឺនៅប្រាសាទបាគង ក្នុងរចនាបថព្រះគោ។ នោះប្រហែលជាដោយសារនៅសម័យនគរភ្នំ និង សម័យចេនឡា ជាទូទៅប្រាសាទសុទ្ធសឹងធ្វើអំពីឥដ្ឋ រងការសឹករេចរឹល បានជាពិបាករករូបរាងក្បាលមករឲ្យឃើញថាមានភិនភាគយ៉ាងដូចម្តេចច្បាស់នៅឡើយ។ រហូតចូលមកដល់សម័យអង្គរ ពិសេសគឺសំណង់ប្រាសាទចាប់ផ្តើមសាងសង់អំពីថ្មភក់ ទើបអាចយល់រូបរាងក្បាលមកររចនានៅកណ្តាប់គែមខាងក្រោមនៃហោជាងនេះច្បាស់។
បើតាមឯកសារប្រវត្តិសាស្រ្ត និង ផ្អែកទៅលើរូបរាងក្បាលមករដែលបានឃើញនៅកណ្តាប់គែមខាងក្រោមនៃហោជាងប្រាសាទ បានបង្ហាញថាចម្លាក់មករនៅផ្នែកខាងក្រោមនៃដងក្តារលំនៅដ្ឋានអ្នកមាន ឬ នាម៉ឺន មន្រ្តីនាសម័យនគរភ្នំប្រហែលជាមិនខុសគ្នាប៉ុន្មានពីចម្លាក់មករដងក្តារប្រាសាទ នៅប្រាសាទបាគងនេះទេ។ ហើយផ្អែកតាមនេះដែរ ក៏អាចសន្និដ្ឋានថា នៅសម័យអង្គរនេះ ក៏មានផ្ទះអ្នកមាន ឬសេដ្ឋី នាម៉ឺន មន្រ្តី បន្តមានចម្លាក់មករនៅដងក្តារហោជាងផ្ទះដែរ។ លំដាប់ក្រោយមក ដូចជាពិបាកនឹងបង្ហាញថាមាន ឬគ្មានចម្លាក់មករនៅតាមលំនៅដ្ឋានណាស់ ដោយពុំទាន់រកបានភស្តុតាងគ្រប់គ្រាន់។ ទោះជាយ៉ាងណា រហូតមកដល់ដើមសតវត្សទី២០យើងបានឃើញមករដងក្ដារនេះវិវត្តក្នុងទម្រង់ថ្មី ដូចមាននៅដងក្តារនៃហោងជាងដំបូលសារមន្ទីរជាតិផ្នែកខាងក្រោយ និង ដំបូលអតីតសាលារចនា ដែលបច្ចុប្បន្នជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ នៅដើមសតវត្សទី២១ ដងក្តារដែលមានរូបមករបានកើតមានឡើងវិញ ដោយយកលំនាំសឹងតែដូចសម័យអតីតកាល។ ក្រៅពីចម្លាក់មករក៏ឃើញមានមករខ្ជាក់នាគឆ្លាក់នៅក្នុងទម្រង់បម្លែងថ្មី នៅផ្នែកខាងក្រោមនៃដងក្តារហោជាងលំនៅដ្ឋានរបស់អ្នកមាន នាមុឺននាពេលបច្ចុប្បន្ននេះដែរ។ ទន្ទឹមនឹងនោះចម្លាក់សត្វមករក្នុងទម្រង់ថ្មីៗ ក៏ត្រូវបានឆ្លាក់ជាក្បាំងពីលើស៊ុំមទ្វារ, បង្អួច ដោយមានទម្រក្បាលសសរនៅពីក្រោម។
នាដើមសតវត្សទី២១នេះ នៅមានក្បាលមករក្នុងទម្រង់ផ្សេងៗទៀត ដែលមានឆ្លាក់រចនានៅក្រៅពីសំណង់លំនៅដ្ឋាន មានដូចជាក្បាលមករខ្ជាក់នាគនៃបង្កាន់ដៃសួនច្បារអតីតសម្ដេចសង្ឃរាជជួនណាត រាជធានីភ្នំពេញ ដែលត្រូវបានសម្ពោធនៅប្រមាណជាដើមឆ្នាំ២០០៨,ក្បាលមករខ្ជាក់នាគនៃស្ពានគីសូណា​(គី​ហ្សូណា​)ដែលត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​តាំងពីឆ្នាំ ២០០១ ជា​ស្ពាន​ឆ្លងទន្លេ​មេគង្គ​មុនគេ​ មាន​ប្រវែង ១,៥០០ម៉ែត្រ គឺឆ្លងខេត្តកំពង់ចាមទៅខេត្តត្បូងឃ្មុំ បន្ទាប់ពីប្រើរយៈពេលអស់ ៣ឆ្នាំ។

រូបភាពមករនៅហោជាងគុបុរៈទី១ខាងលិចនៃប្រាសាទបាគង ជារូបភាពក្បាលមករដែលបានបង្ហាញច្បាស់ដំបូងគេ
រូបភាពមករនៅហោជាងប្រាសាទបាគង
រូបភាពមករនៅដងក្ដារហោជាងដំបូលសារមន្ទីរប៉ែកខាងក្រោយ ដែលបានសាងឡើងនៅរវាងឆ្នាំ១៩១៧
រូបភាពមករនៅដងក្ដារហោជាងដំបូលសារមន្ទីរ
រូបភាពមករដងក្ដារហោជាងលំនៅដ្ឋាន នាដើមសតវត្សទី២១ បង្ហាញពីសោភណ័ផ្សាភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រ
រូបភាពមករដងក្ដារហោជាងលំនៅដ្ឋាន
នាដើមសតវត្សទី២១
រូបភាពមករខ្ជាក់នាគដងក្ដារហោជាង លំនៅដ្ឋាននាដើមសតវត្សទី២១ ជាទម្រង់បែបថ្មីបង្ហាញពីគំនិតវិវឌ្ឍតាមសម័យកាល
រូបភាពមករខ្ជាក់នាគដងក្ដារហោជាង
លំនៅដ្ឋាននាដើមសតវត្សទី២១
រូបភាពមករជាក្បាំងស៊ុមពីលើទ្វារ-បង្អួច<br />នាដើមសតវត្សទី២១ ហាក់ដូចជាបានដកស្រងចេញពី រូបចម្លាក់មករដែលមាននៅលើចម្លាក់ប្រាសាទអណ្ដែត និងធ្វើការបម្លែងចេញជាទម្រង់ថ្មី
រូបភាពមករជាក្បាំងស៊ុមពីលើទ្វារ-បង្អួច
នាដើមសតវត្សទី២១

មតិ