នៅក្នុងគ្រឿងបង្គុំសំណង់អំពីឈើ ក្រៅពីទម្របន្ទុកឈរត្រង់ នៅមានទម្រទ្រេត។ ទម្រទ្រេតឬចន្ទល់ ដែលហៅថា”ដៃស្នា” មានផ្នែកខាងក្រោមមកប៉ះនឹងខ្សែបន្ទាត់ឈរ ហើយផ្នែកខាងលើទៅប៉ះនឹងខ្សែបន្ទាត់ដេក។ ជួនកាលដៃស្នានេះក៏ផ្គុំជាមួយនឹងដុំឈើពីរកំណាត់ ដែលមានទំហំប្រហាក់ប្រហែលនឹងដុំឈើជាចន្ទល់នេះ បង្កើតបានជាសំណុំគ្រឿងទម្រទល់ទប់មួយរាងត្រីកោណកែង ហើយដុំអង្កត់ឈរតែងតែមានប្រវែងស្មើឬវែងជាងដុំអង្កត់ដេក ធៀបទៅនឹងកន្លែងប៉ះគ្នានៃដៃស្នានេះ។ ជាទូទៅតួនាទីនៃដៃស្នានេះ គឺសំរាប់ទ្រចុងផ្ទោងសំយ៉ាបដំបូល(រូបភាពទី១)។ ក្នុងគោលបំណងឆ្នៃឲ្យមានសោភ័ណល្អមួយកំរិតថែមទៀត ឈើដៃស្នាត្រូវបានកែឲ្យមានរាងកោងចូលបន្តិច ហើយត្រូវបានគេឲ្យឈ្មោះថា”ដៃស្វា”(រូបភាពទី២)។ ប៉ុន្តែដោយឡែកនៅតំបន់ឧត្តុង្គ តាមការស្រាវជ្រាវនៅឆ្នាំ១៩៧០គ.ស អ្នកស្រុកនៅតែហៅដៃស្នាដដែល។ ការឆ្នៃឲ្យមានសោភ័ណភាពតាមបែបកោងចូលនេះ ធ្វើឲ្យឈើត្រូវចុះខ្សោយគុណភាពក្នុងការទល់ទប់ គេក៏ឆ្នៃបន្ថែមឈើមួយដុំទៀតដាក់ទល់នៅកន្លែងពាក់កណ្តាលនៃឈើដៃស្វានេះ ដើម្បីជួយពង្រឹងឲ្យរឹងមាំល្អឡើងវិញ(រូបភាពទី៣)។ ក្រោយមក ពេលដែលមានសំណង់ធ្វើអំពីថ្ម រីកច្រើនឡើងជំនួសឲ្យសំណង់ឈើ គេក៏ឃើញមានដៃស្នា និង ដៃស្វា ធ្វើអំពីបេតុង ទាំងអត់ឬមានចន្ទល់
ដួងកែវនាគ: កម្រងវប្បធម៌ខ្មែរ · Hamsa Naga: the Collection of Khmer Culture